ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ២២:០០ (06-07-2016 22:00)ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋក្រីក្រប្រមាណ៤៤គ្រួសារ រស់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានដាក់ពាក្យបណ្តឹងគ្រប់ទិសទីដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែស្ថាបន័តុលាការ និងអាជ្ញាធរខេត្តព្រះសីហនុ ព្រងើយកន្តើយមិនព្រមធ្វើការដោះស្រាយ អស់រយៈពេលជាយូឆ្នាំមកហើយ ការយឺតយ៉ាវក្នុងការដោះស្រាយនេះ ត្រូវបានសង្សយ័ថា នេះជាការឃុបឃិតគ្នាដ៏ធំមួយក្នុងការសាងសង់ប្លង់រំលោភយកដីពួកគាត់យ៉ាងពិតប្រាកដ។ អ្នកធំមានអំណាចឃុបឃិតគ្នាលួចធ្វើប្លង់កម្មសិទ្ធិលើដីធ្លីរបស់ពួកគាត់កំពុងរស់នៅអាស្រយ័ផលតាំងពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០មកដល់សព្វថ្ងៃនេះ។
លោក ហឹម សុកល តំណាងប្រជាពលរដ្ឋ៤៤គ្រួសារបានរៀបរាប់ថា ពួកគាត់បានរស់នៅជាអចិន្ត្រៃដោយបានកើតកូនពូនជាចៅ និងអាស្រយ័ផល លើដីធ្លីទំហំប្រមាណជាង១០០ហិកតានេះ តាំងពីទស្សវត្សរ៍ឆ្នាំ១៩៨០មកម្ល៉េះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ព្រមទាំងបានដាក់ពាក្យស្នើសុំកាន់កាប់ដីធ្លីតាមទំហំដីរបស់គ្រួសារនីមួយៗផងដែរ មិនដែលកើតមានរឿងអ្វីនោះទេ លុះក្រោយមកពួកគាត់ទាំង៤៤គ្រួសារនេះក៏បានលក់ដីសរុបប្រមាណជាង១០០ហិកតានេះឲ្យទៅឈ្មោះ ហុក វុធឌី,ឈ្មោះ អួង ទិត្យជេដ្ឋា,ឈ្មោះ អួង សន, ឈ្មោះ ហុង ស៊ីម អាន ដោយមានឯកសារបញ្ជាក់ដឹងឮពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវលើផ្ទៃដីសរុបជាង១០០ហិកតាខាងលើ ដោយមានមនោសញ្ចេតនាពីម្ចាស់ដីទាំង៤រូបខាងលើបានសម្រេចឲ្យពួកគាត់ជាអតីតម្ចាស់ដីបានរស់នៅលើដីនេះព្រមទាំងបានដាំដុះដំណាំផ្សេងៗចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃនេះ ដោយមិនទាមទាយកកម្រៃអ្វីទាំងអស់ទៀតផង។លោក ហឹម សុកល តំណាងពលរដ្ឋ៤៤គ្រួសារខាងលើបានបន្តថា នៅក្នងអំឡុងឆ្នាំ២០១១ ស្រាប់តែមានឈ្មោះ អ៊ុង ថាវី,ឈ្មោះ យេ ម៉ី ហុង,ឈ្មោះតាំង អៀង ទី,ឈ្មោះ អ៊ាប ហ៊ឈន,ឈ្មោះលឹម ហៀកនិងឈ្មោះឡាំ អ៊ីងបានមកអះអាងថាដីខាងលើនេះជាកម្មសិទ្ធិរបស់ពួកគេទៅវិញ ពួកគេបានមកកាប់បំផ្លាញដំណាំដាំដុះ និងរុះរើ របងការពារផ្ទះសម្បែងតាមគ្រួសារចោលខ្ទេចខ្ទី អស់ទៀតផង។ ទង្វើខាងលើនេះត្រូវបានពលរដ្ឋចោទថាមានចេតនាទុច្ចរិត ធ្វើឲ្យខូចខាតដល់ប្រយោជន៍របស់ពួកគាត់ ជាពលរដ្ឋក្រីក្រស្លូតត្រង់ និងជាម្ចាស់កាន់កាប់ដីធ្លីដោយសុច្ចរិតយ៉ាងធ្ងន់ធ្ងរ។លោក ហឹម សុកល តំណាងប្រជាពលរដ្ឋបានបង្ហាញអំពីជំហរបស់ពួកគាត់ថា ពួកគាត់មិនបានលួចដីរបស់ជនណាម្នាក់នោះទេ ហើយពួកគាត់ក៏នឹងប្តូរជីវិតនៅលើដីនេះដែរ ព្រោះការរស់នៅលើដីនេះអស់រយៈពេលជាង៣០ឆ្នាំកន្លងមកហើយ។ តំណាងពលរដ្ឋរូបនេះបានបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១៦នេះ សំណុំរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ ត្រូវបានធ្លាក់ដល់ដៃគណៈកម្មការដោះស្រាយជម្លោះដីធ្លី ដែលមានលោកអភិបាលខេត្តព្រះសីហនុជាប្រធាន ដើម្បីចុះមកធ្វើការដោះស្រាយ ប៉ុន្តែនៅព្រឹកនោះលោកអភិបាលខេត្តបានចាត់ឲ្យលោកអភិបាលរងខេត្តម្នាក់ឈ្មោះ គង់ វីវឌ្ឍនៈ ចុះធ្វើការដោះស្រាយ ប៉ុន្តែអ្វីដែលជាការប្លែកនោះ គឺលោក អភិបាលខេត្តរងម្នាក់នោះមិនអនុញ្ញាតិឲ្យអ្នកកាសែត បានចូលជិតនោះទេ ទង្វើបែបនេះត្រូវបានប្រជាពលរដ្ឋអះអាងថា គឺជាការគៀបសង្កត់ផ្នែកបញ្ចេញមតិប្រជាពលរដ្ឋ មិនឲ្យមានការតវ៉ា។
ដោយសារតែហេតុផល ប្រជាពលរដ្ឋប្តឹងមានការយឺតយ៉ាវក្នុងការចុះស៊ើបអង្កេតស្រាវជ្រាវ ដើម្បីធ្វើការដោះស្រាយ រីឯអ្នកធំមានអំណាច និងទ្រព្យសម្បត្តិប្តឹងរាស្ត្រវិញ មន្ត្រីតុលាការ មន្ត្រីសាលាខេត្តញាប់ជើងញាប់ដៃចុះមកដោះស្រាយក្នុងថ្ងៃឈប់សម្រាកទៀតផង ប្រការនេះហើយពួកគាត់ជាពលរដ្ឋសូមធ្វើការអំពាវនាវដល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយ អន្តរាគមន៍ជូនពួកគាត់ជាជនក្រីក្រផង ៕
ប្រភព:https://www.kohsantepheapdaily.com.kh/article/147469.html