ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៤:០៨ (06-07-2016 14:08)រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបន្ទាប់ពីបានឆក់ខ្សែកប្លាទីនសពីស្ត្រីម្នាក់បានសម្រេច តែជិះគេចខ្លួនទៅចំគោលដៅត្រួតពិនិត្យពង្រឹងច្បាប់ចរចរណ៍នៅតាមបណ្តាលផ្លូវកម្ពុជាក្រោម ។
ហេតុការណ៍ឆក់ខ្សែកនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្ដាយផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួកគោក ។ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ១-ឈ្មោះ យុទ្ធា ថៃ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំផ្សារទឹកថ្លា ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ២-ឈ្មោះ ឡុង សុវណ្ណរិទ្ឋឹ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ក្បែរគ្នា ។ ចំណែកម្ចាស់ខ្សែកឈ្មោះ មាស សារី ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅក្រោយមន្ទីរពេទ្យព្រះកុសុមៈ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាម្ចាស់ខ្សែកបានជិះម៉ូតូជាមួយប្ដីធ្វើដំណើរតាមផ្លូវលេខ១៥០ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់កន្លែងកើតហេតុស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក Let's ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1E-0308 បានមកធ្វើសកម្មភាពឆក់យកខ្សែកបានសម្រេចរួចជិះគេចខ្លួន តែត្រូវស្ត្រីស្ត្រីរងគ្រោះនិងប្តីបានស្រែកចោរៗ និងជិះដេញតាម ។ នៅពេលដែលជនសង្ស័យជិះគេចខ្លួនមកដល់ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៩ក៏បានប្រទះនឹងកម្លាំងសមត្ថកិច្ចកំពុងដាក់ត្រួតពិនិត្យពង្រឹងច្បាប់ចរាចរណ៍ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ខ្សែកនោះពុំត្រូវបានម្ចាស់ដឹងពីទម្ងន់ឡើយ គ្រាន់តែប្រាប់ថា គាត់ទិញជាយូរឆ្នាំមកហើយក្នុងតម្លៃ៥០០ដុល្លារ ។នៅពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានខ្សែកប្រគល់ឲ្យម្ចាស់វិញ ព្រមទាំងដកហូតបានគ្រឿងញៀន១កញ្ចប់ផងដែរ ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋានខណ្ឌទួលគោកដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕
No comments:
Post a Comment