ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង ១៨:៣៨ (06-07-2016 18:38)ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់តាមផ្លូវ ពេលដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ បន្ទាប់ពីត្រូវរថយន្តម៉ាក ឡិចស៊ីស៥៧០ បុកពេញទំហឹងគ្រាដែល ជនរងគ្រោះជិះ ម៉ូតូឆ្លងថ្នល់ ។ ហេតុការណ៍ដ៏រន្ធ់ នេះបានកើតឡើងនៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ផ្លូវបំបែក ក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌។សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួន ឈាង អាយុ៣២ឆ្នាំ មានទីលំនៅ ជិតកន្លែងកើតហេតុ ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងថ្នល់ មិនប្រយ័ត្ន ក៏ស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាក ឡិចស៊ីស៥៧០ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK-4699 បើកមកពីមុខក្នុងទិសដៅផ្ទុយគ្នា បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ប៉ើងខ្ទាតជាង២០ម៉ែត្រ រងរបួសយ៉ាងធ្ងន់ធ្ងរ និងបាក់ខ្ទេចជើងខាងស្តាំម្ខាង ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង ។ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក គ្រូពេទ្យខេត្ត បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ហើយក៏បានស្លាប់នៅតាមផ្លូវតែម្តង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត មិនបានរត់ទៅណាទេព្រោះទំនងជាខ្សែអ្នកធំ និងបានប្រាប់សមត្ថកិច្ចថា ពួកគាត់ទើបត្រឡប់មកពីហែរទានវស្សា នៅខេត្តបាត់ដំបង និងសូមឲ្យសមត្ថកិច្ច ធ្វើការតាមនិតិវីធីចុះ បន្ទាប់មកសត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធីតាមក្រោយ ៕



No comments:
Post a Comment